កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ គេឃើញម្ចាស់ឆ្កែ ពូជ ហាស្គី (Husky) នៅខេត្តកំពត បានធ្វើការ Live រៀបរាប់ទំាងទឹកភ្នែកសស្រាក់ ក្រោយដឹងថា ឆ្កែរបស់ខ្លួន ចំនួន៣ នាក់ ត្រូវបានគេសម្លាប់ យកទៅធ្វើជាអាហារ។
ម្ចាស់ឆ្កែ បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុកឈ្មោះ “សំអាងការ ស្រីម៉ៅមង្គល” ថា “កូនអើយ កូនទៅចោលម្តាយហើយ ទាំងកូន ម្នាក់ ទាំង ចៅ ជាតិនេះកូន រស់ជាមួយម៉ែ ត្រឹមពេលខ្លះ ណាស់ ជាតិក្រោយសូមជាមនុស្សរស់ក្បែរម៉ែរហូតណាកូន ម្តាយ ម៉ែទទួលយកមិនបានទេ”។
ខាងហ្វេសប៊ុកដដែលខាងលើបានបញ្ជាក់បន្ថែមទៀតថា “កូនខ្ញុំ ស្លាប់ 3 នាក់ មេម្នាក់ ឈ្មោះ HaTaRi ពោះ ធំ 1 ខែ និងកូន 2 ទៀត ដូឌឺ និង ឌូឌូ”។ មិនទាន់ដាច់អាល័យ ម្ចាស់ឆ្កែ បង្ហូរទឹកភ្នែក រួចប្រាប់ថា “សូមដួងវិញ្ញាណកូនចាប់ជាតិថ្មីជាមនុស្ស ប៉ានឹងរងចាំ ការត្រលប់របស់កូនទាំង3 វិញ HaTaRi DuDi DuDu”។
ម្ចាស់ឆ្កែ ក៏បានរៀបរាប់ទាំងទឹកភ្នែកប្រាប់សារព័ត៌មាន ក្នុងស្រុកមួយបន្ថែមថា “HaTaRi ហ្នឹង ខ្ញុំទិញពីគេ រយៈពេល៣ឆ្នាំហើយ ខ្ញុំទិញពីថៃ តម្លៃ 400 ដុល្លារ ខ្ញុំចិញ្ចឹមវាមកអាចរយៈពេល ប្រហែល៣ឆ្នាំហ្នឹងហើយ
ខ្ញុំមើលថែវាល្អិតល្អន់មែនទែន ២ខែមុនហ្នឹងវា ពោះធំសម្រាលបានកូន៤ តែខ្ញុំចែកឲ្យគេ ១, ក្នុងម៉ោង ៩ហ្នឹង ខ្ញុំបានបាត់ឆ្កែ ខ្ញុំស្រែកសួរម៉ាក់ថាបាត់ឆ្កែទៀតហើយ ខ្ញុំក៏បានទាក់ទងទៅប្រាប់ម៉ាក់ ម៉ាក់ប្រាប់ថា កូនឯងទៅមើលរបងផ្ទះគេមើល របងផ្ទះគេធ្វើ ក្រែងលោវារត់ចូល ពេលដែលខ្ញុំទៅដល់ភ្លាម…”។
ក្រោយដឹងរឿងនេះ ធ្វើឲ្យ អ្នកស្រឡាញ់សត្វចិញ្ចឹម មិនតិចនាក់ទេ ផ្ទុះក្តីអាណិតខ្លោចចិត្តចំពោះម្ចាស់ឆ្កែរូបនេះ ហើយក៏ខឹងយ៉ាងខ្លាំងចំពោះទង្វើរដ៏ព្រៃផ្សៃរបស់អ្នកប្រព្រឹត្ត។
អត់ទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ ម្ចាស់ឆ្កែ បានបង្ហោះសារមួយថា “ខ្ញុំមិនចង់បានអ្វីពីអ្នក គឺចង់អោយអ្នកឯង មកក្រាប សុំទោសកូនខ្ញុំនៅនិងផ្នូរ សូម ស៊ែរ ស្វែងរក យុត្តិធម៌ ជូនកូនខ្ញុំទាំង 3 ផង”។
ក្រោយមកបន្តិច ម្ចាស់ឆ្កែ ក៏បានចេញមុខ live មួយទៀត និយាយទាក់ទងរឿងនេះ រួចនិយាយច្បាស់ៗថា “ខ្ញុំវែកមុខអ្នកឯងឲ្យឃើញ អ្នកឯងកុំគេចខ្លួន អ្នកឯងត្រូវប្រឈមមុខការពិត ថាអ្នកឯងបានធ្វើទង្វើរហ្នឹងលើកូនខ្ញុំ ហើយចំពោះសំណងគឺខ្ញុំអត់ទទួលយកទេ ខ្ញុំចង់បញ្ជាក់ អ៊ីចឹង អ្នកឯងឲ្យខ្ញុំប៉ុន្មាន ក៏ខ្ញុំអត់ទទួលយកដែរ កុំថាឡើយ…”។
មិនយូរប៉ុន្មាន នាថ្ងៃដដែលនេះ បើយោងតាមរយៈ ផេកផ្លូវការមួយឈ្មោះ “ស្នងការដ្ឋាននគរបាលខេត្តកំពត” បានប្រាប់រឿងមួយ ដែលគ្រប់គ្នាចង់បាន ដោយបញ្ជាក់ច្បាស់ៗថា “សត្វក៏ត្រូវតែមានយុត្តិធម៌ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ។”។
ក្នុងនោះ បើមើលតាមរូបភាព ជនសង្ស័យមានសរុបទំាងអស់ គឺរហូតដល់ទៅ 9 នាក់ឯណោះ ពិតជាច្រើនខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖