(កោះកុង) សូមចូលរួមអបអរសាទរ ខ្លែងឯកខេត្តតាកែវទទួលបានជ័យលាភីលេខ១ ក្នុងឱកាសមហោស្រពបង្ហើរខ្លែងខ្មែរឆ្នាំ២០១៩
ខេត្តកោះកុងត្រូវបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីមហោស្របបង្ហើរខ្លែងខ្មែរ លើកទី២៣ ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ តឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានថ្លែងថា ពិធីខាងលើនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ថែរក្សាប្រពៃណីនៃការបង្ហោះខ្លែង ដែលជាផ្នែកមួយ យ៉ាងសំខាន់នៃវប្បធម៌ជាតិ ដែលឋិតនៅជាប់ជានិច្ចក្នុងចិត្តប្រជាពលរដ្ឋ យុវជន យុវនារី ដើម្បីរក្សាបានតទៅមុខ និងដោយមានការគាំទ្រពីក្រសួងវប្បធម៍ និងវិចិត្រសិល្បះ និងពីសំណាក់ប្រធានមន្ទីរវប្បធម៌គ្រប់រាជធានី ខេត្តផងដែរ ពិសេសដើម្បីអបអរសន្តិភាពនៅកម្ពុជា ។
ឯកឧត្តម បានបន្តថា ខ្លែងខ្មែរនាពេលបច្ចុប្បន្នបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្លា ដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រារព្វពិធីបើកមហោស្របបង្ហើរខ្លែងខ្មែរ ក្នុងក្រប ខណ្ឌទូទាំងប្រទេស ដើម្បីជ្រើសរើស យកអ្នកដែលមានទេពកោសល្យក្នុងការធ្វើខ្លែង និងបង្ហើរខ្លែងបានចំនួន២២ លើកមកហើយ ក្នុងនោះលក្ខណៈជាអន្តរជាតិយើងបានរៀបចំមហោស្រពបានចំនួន៣លើក គឺឆ្នាំ២០០៤ មានខ្លែងអន្តរជាតិ៥ប្រទេសបានចូលរួម ឆ្នាំ២០០៦ មានខ្លែងអន្តរជាតិ១៧ប្រទេសបានចូលរួម និងឆ្នាំ២០១០ មានខ្លែងអន្តរជាតិ៩ប្រទេសបានចូលរួម នៅលើឆាកអន្តរជាតិវិញ ខ្លែងខ្មែរបានចូលរួមមហោស្រព ចំនួន៦៦លើក ។
ជាលទ្ធផលនៃការប្រកួតបង្ហើរ ខ្លែងខ្មែរ ដែលបានរៀបចំឡើងនាពេលនេះឃើញថា មានខ្លែងខ្មែរដែលត្រូវបានចូលរួមប្រកួតមានចំនួន២៣ខេត្ត/ក្រុង និងខ្លែងស្វ័យរិនមានចំនួន៤៧ខ្លែង ចំពោះខេត្តដែលទទួលបានជយលាភីគឹ ខេត្តតាកែវទទួលបានចំណាត់ថ្នាក់លេខ១ ខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់លេខ២ ចំពោះខេត្តកោះកុង និង មណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ៣៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK